jaukjeybanner

របាំ​កួយ ស្ល​ដែក​ លើក​មុខ​ខេត្ត​កំពង់ធំ​ជាប់​លេខ ១ ក្នុង​ទិវា​វប្បធម៌​ជាតិ​ទី ១៨

ក្រុម​របាំកួយ​ស្លដែក ឬ​សន្លុង​ជាន់ដែក នាពេល​សម្តែង​ក្នុង​ទិវា​វប្បធម៌ជាតិ​លើកទី ១៨ កាល​ថ្ងៃទី ៣ មីនា​ឆ្នាំ ២០១៦។

កំពង់ធំៈ ជាមួយ​នឹងសកម្ម​ភាព​អ្នករាំ​ដ៏​រស់​រវើក ស្វាហាប់​ មានគ្នា​ច្រើន​ដែល​ដៃ​ប្រដាប់​ទៅដោយ​ផ្លែ​ដាវវែង​ខ្លី​ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ធ្វើ​ពីដែក​ លើ​វេទិកា​នោះ​គឺជាកា​រ​សម្តែង​នូវ​របាំមួយ​មាន​ឈ្មោះថា «របាំកួយ​ស្លដែក​ ឬ​របាំ​សន្លុងជាន់ដែក»​ ដែល​ជារបក​គំហើញ​ថ្មី​មួយ​របស់​ខេត្តកំពង់ធំ​ និង​ទទួល​បាន​ចំណាត់​ថ្នាក់លេខ ១​ ផងដែរ​ក្នុង​ទិវាវប្បធម៌ជាតិ​លើកទី ១៨​ កាលពីថ្ងៃទី ៣​ ខែមីនា ឆ្នាំ ២០១៦ កន្លង​មក។

របាំកួយ​ស្ល​ដែក​នេះ​មានប្រវត្តិ​ និង​ត្រូវការ​ពេលវេលាវែង​ឆ្ងាយ​ស្រាវជ្រាវ​ ឬ​ឆ្លង​កាត់​ការសាក​សួរមនុស្ស​ចាស់​ដែលជា​ប្រភព​នៃ​ឯកសារ​រស់​ដើម្បី​ចងក្រង ​រហូត​ដល់​បង្កើត​បាន​ជា​របាំមួយ​ឡើងបាន។

ក្រុម​របាំ​កួយ​ស្លដែក ឬ​សន្លុង​ជាន់ដែក នាពេល​សម្តែង​នៅ​ខេត្ដ​កំពង់ធំ​។

លោក ឆាង កង ប្រធាន​មន្ទីរ​វប្បធម៌​ និង​​វិចិត្រ​សិល្បៈ​នៃ​ខេត្ត​កំពង់ធំ​ បាន​បង្ហើបឲ្យដឹង​ថា​៖ «​តាមពិត​ទៅ​របាំ​កួយ​ស្លដែក​នេះ គ្រោង​នឹងកើត​មានឡើង​តាំង​ពី​ជំនាន់​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ខណៈ​លោក​បាន​មកកាន់​ការងារនៅ​ផ្នែក​វប្បធម៌​នៅកំពង់ធំ​ម្ល៉េះ ​គឺ​ប្រហែល​ជា​នៅ​ក្នុង​ទសវត្សរ៍ទី ៨០ តែក៏ត្រូវ​បន្ត​រង់ចាំ​រហូតដល់​ឆ្នាំ ២០១៦ នេះ​ ទើប​អាចសម្រេច​គោលដៅ​បាន ដោយ​សារ​តែ​ស្ថានភាព និងពេល​វេលាមិនមាន​អំណោយ​ផល។ ក្រុម​ការងារ​វប្បធម៌បាន​ចាប់ផ្តើម​ចុះ​ស្រាវជ្រាវ​លើក​ចុងក្រោយ​នៅឆ្នាំ ២០១២ តាម​តំបន់​នានា​មាន​កន្លែង​ស្លដែក ឬ​ភាសា​កួយហៅ​ថា​សន្លុង​ស្លដែក។ ជាក់​ស្តែង​យើង​មាន​ចាស់ៗ​ជាច្រើន​បាន​ដឹង​ឮពី​ប្រវត្តិ​នៃ​កន្លែង​ស្លដែក​ របស់កួយ តែពួកគាត់​មិនធ្លាប់​ចូលរួម​ពិធី​ឡើយ។ ​សំណាង​​ល្អ​យើងបាន​ជួប​លោក​តា​ជនជាតិ​កួយ​ម្នាក់​ វ័យប្រហែល ៩០ ឆ្នាំ​ប្លាយ​ដែលធ្លាប់​បាន​ចូលរួម​ក្នុង​ពិធី​ស្លដែក​របស់​ដូនតាគាត់​ ហើយ​បាន​រៀបរាប់​ប្រាប់ដល់​ក្រុម​ការងារ​ស្រាវជ្រាវ​យើង​យ៉ាងច្បាស់ និង​មាន​ភាព​ក្បោះក្យាយ​ សម្រាប់​ជា​ទិន្នន័យ​ដ៏​អស្ចារ្យ​នៃ​របាំ​នេះ​ដល់​ពួកយើង»។

ដើម្បី​សាង​ដាវ​ពិសិដ្ឋ​ ឬ​ព្រះ​ខ័នរាជ្យ​ ត្រូវ​រៀបចំលំ​ដាប់​ស្លាធម៌​បាយ​សីឲ្យ​បាន ៧ នៅ​ក្នុង​មួយ​មុខៗរាប់​មាន ម្លូស្លា​ សណ្ដែក​ ល្ង ​សាឡី ​ទៀន​ធូប ដូងផ្កា និងសន្លុង ៧ ហើយ​ក៏​ត្រូវ​បញ្ជាន់​រូប​សែនព្រេន​ផងដែរ។

លោក ឆាង កង​ បន្ត​ថា៖ «​ការសាង​ដាវ​ដ៏ពិសិដ្ឋ​ ឬដាវ​ព្រហ្មចារី ​គេ​ត្រូវ​ការ​ដែក​ព្រហ្មចារី​ចំនួន ៧ សន្លុង​ យកមក​ស្មិតរួមគ្នា​ ខណៈ​ដែលគេក៏ត្រូវការ​ស្រ្តីក្រមុំ​ព្រហ្មចារី ៧ នាក់​មក​អង្គុយ​បកសំបក​ស្រូវ​ដើម្បី​យក​អង្ករដាំ​បាយសែន​ព្រេន​អ្នកសន្លុង​ ទៅ​តាម​បែបនៃ​ព្រហ្មញ​សាសនា ក្នុងការ​សុំ​បូតឲ្យ​បាន​ដែកល្អ​បរិសុទ្ធ ឬ​ដែក​ព្រហ្មចារី​នោះដើម្បី​យក​ទៅ​លត់ ឬ​ដំ​ធ្វើ​កាំបិត ដាវ ដែល​មុត​ល្អ»។​

បើ​តាម​ប្រសាសន៍​​លោក​ ឆាង កង ឲ្យ​ដឹង​ថា បង​ប្អូន​ជនជាតិកួយ​នា​ពេល​បច្ចុប្បន្ន​នេះ​សេស​សល់​រស់នៅ​ភូមិស្រឡែក​ចាស់ និង​ថ្មី ឃុំ​សាលា​វិស័យ​ នៃ​ស្រុក​ប្រាសាទបល្ល័ង​​ ខេត្ត​កំពុងធំ។

លោក​ថា៖ «ពេល​នេះ​ពួកគេកំពុង​រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ ដោយ​យើង​ឃើញ​មានការ​ប្រើប្រាស់​ភាសា​កួយ​ទំនាក់ទំនង​គ្នា​រាល់ថ្ងៃ​ដែរ»៕​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
336
923
4540074