ភ្នំពេញ: ហាងមាន់បំពងល្បីពីប្រទេសកូរ៉េ ក្យូឆុន (Kyochon) ដែលបើកបានជិត ១ ឆ្នាំ មិនមែនជាហាងបម្រើអាហារបែបចម្អិនលឿន (Fast Food) នោះទេ។
នៅទីនោះតែជាប្រភេទអាហារដែលចម្អិនស្រស់ៗដោយកំណត់ពេលវេលាត្រឹមត្រូវតាមក្បួនខ្នាត។
ភ្ញៀវដែលមកញ៉ាំនៅទីនេះយ៉ាងហោចណាស់ត្រូវចាំ ១០ ទៅ ១៥ នាទីសិន ទើបអាហារចម្អិនបានឆ្អិនល្អ និងមានរសជាតិឆ្ងាញ់ត្រូវតាមស្តង់ដាររបស់កូរ៉េ។
ក្យូឆុន ផ្តោតសំខាន់ទៅលើសាច់មាន់តែម្តង គ្រប់មុខម្ហូបទាំងអស់គឺជាសាច់មាន់ដែលគេយកមកច្នៃធ្វើជាម្ហូបបានជា ច្រើនមុខ ដូចជាស្លាបមាន់បំពង ភ្លៅមាន់បំពងហឹរហោះ ស្តេកសាច់មាន់ ទ្រូងមាន់បំពងម្សៅ និងមុខម្ហូបជាច្រើនមុខទៀត ជាមួយសាលាដស្រូបទឹកជ្រលក់ពិសេសប្រចាំហាង។
មាន់ដែលយកមកចម្អិនជាប្រភេទ សាច់មាន់សរីរាង្គគ្រប់អាយុ ហើយក្យូឆុនប្រើតែគ្រឿងទេសធម្មជាតិសុទ្ធ ១០០ ភាគរយ និងចម្អិនដោយប្រើបច្ចេកទេសចៀនមាន់ និងបំពងមាន់ទ្វេដង ដើម្បីស្រួយ និងឆ្អិនល្អ។
ក្យូឆុនមានមាន់បំពងបែបកូរ៉េគ្រប់រសជាតិ ហើយរសជាតិពេញនិយមទាំងបីគឺ រសជាតិដើម រសជាតិទឹកឃ្មុំ និងរសជាតិប្រៃតិច។
ស្ថិតនៅលើផ្លូវប៉ាស្ទ័រ កែងផ្លូវ ២៨៨ សង្កាត់បឹងកេងកង ១ បច្ចុប្បន្ន ក្យូឆុនក៏បានធ្វើជាឈុតអាហារថ្ងៃត្រង់ ក្នុងមួយឈុតមាន មាន់បំពង បាយ សាលាដ និងទឹកក្រូចមួយកែវ ក្នុងតម្លៃ ៤,៩៩ ដុល្លារ៕